ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក. (DBD Engineering Plc.) នឹងក្លាយជាក្រុមហ៊ុនទី ១ ដែលចុះបញ្ជីលក់ មូលបត្រកម្មសិទ្ធិនៅលើទីផ្សារកំណើននៃផ្សារមូលបត្រកម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដឹកនាំកិច្ចប្រជុំកាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២១ បានសម្រេចអនុម័តការចុះបញ្ជីជាសាធារណៈរបស់ក្រុមហ៊ុន DBD Engineering។

លោក ស៊ូ សុជាតិ អគ្គនាយក SERC (និយតករមូលបត្រកម្ពុជា) បានប្រាប់ថា ការអនុម័តនេះនឹងបើកផ្លូវសម្រាប់ក្រុមហ៊ុនក្នុងការបន្តការបរិវិសកម្ម និងនីតិវិធីចុះបញ្ជីនៅទីផ្សារកំណើនរបស់ CSX។ លោកថ្លែងថា៖ «យើងស្វាគមន៍ការចូលរួមរបស់ក្រុមហ៊ុនក្នុងការចុះបញ្ជីលើទីផ្សារកំណើននៃក្រុមហ៊ុនមូលបត្រកម្ពុជា។ ក្រុមហ៊ុនមួយនេះបានក្លាយជាក្រុមហ៊ុនដំបូងគេនៅលើទីផ្សារកំណើន»។
លោកបន្ថែមថា៖ «ការអនុម័តនេះដើម្បីបង្ហាញដល់សហគ្រាសធុនតូច និងមធ្យមថា ក្រុមហ៊ុនអាចមានលទ្ធភាពក្នុងការប្រមូលមូលនិធិបានកាន់តែច្រើនពីផ្សារមូលបត្រកម្ពុជា។ នេះមានន័យថា យើងមិនមានតែក្រុមហ៊ុនធំទើបអាចមានលទ្ធភាពក្នុងការប្រមូលមូលនិធិពីទីផ្សារមូលធននោះទេ»។ លោកពន្យល់ថា វានឹងមិនចំណាយពេលច្រើនលើការធ្វើបរិវិសកម្ម និងនីតិវិធីចុះបញ្ជីផ្សេងទៀតសម្រាប់ក្រុមហ៊ុននោះទេ។ លោកបន្តថា៖ «ដើមខែកក្កដា ក្រុមហ៊ុននឹងប្រកាសអំពីការរៀបចំរបស់ពួកគេនៃការធ្វើបរិវិសកម្ម និងកាលបរិច្ឆេទការចុះបញ្ជីផ្សេងទៀតជាមិនខាន»។

DBD Engineering Plc. ជាក្រុមហ៊ុន ពហុមុខងារ ផ្នែកវិស្វកម្ម និងសំណង់ ដែលផ្តល់សេវាកម្ម ប្រព័ន្ធទឹកភ្លើងទ្រង់ទ្រាយធំ (Mechanical, Electrical, Plumbing – MEP) ប្រព័ន្ធកំដៅ ម៉ាសុីត្រជាក់ (Heating, Ventilating, Air-conditioning – HVAC) រួមបញ្ចូលទាំង សេវា គូសប្លង់ សាងសង់ ដំឡើង និងថែទាំ ព្រមទាំងមានផ្គត់ផ្គង់ផលិតផលម៉ាកល្បីៗ ដូចជា Schneider, Franklin France, Daikin, Ginde, LG, Mitsubishi, Kumwell, EVT, Tsurumi Pump, និងខ្សែកាបម៉ាក YAZAKI។