រាជធានីភ្នំពេញ ៖ នៅក្នុងដើមឆ្នាំថ្មី 2022 នេះ ក្រុមហ៊ុន ឌីប៊ីឌីអ៉ិនជីនារីង (CSX Symbol: DBDE) ទទួលបានគម្រោងថ្មីមួយដែលជាគម្រោងកូនបង គឺការសាងសង់ និងដំឡើងប្រព័ន្ធ MEP របស់អាគារ “Wing Office Tower” ដែលមានទីតាំងស្ថិតនៅមហាវិថី ព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោមក្នុងសង្កាត់មនោរម្យខណ្ឌ 7 មករា រាជធានីភ្នំពេញ ។
ក្រុមហ៊ុន ឌីប៊ីឌីអ៉ិនជីនារីង គឺជាក្រុមហ៊ុនពហុមុខងារផ្នែកវិស្វកម្ម និងសំណង់ ដែលមានជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំ ទៅលើផ្នែកវិស្វកម្ម ផ្នែកសាងសង់ និងដំឡើងប្រព័ន្ធទឹក ភ្លើង ប្រព័ន្ធខ្យល់ ប្រព័ន្ធកំដៅ ប្រព័ន្ធម៉ាស៊ីនត្រជាក់ជាដើម ។ ក្រុមហ៊ុនឌីប៊ីឌីអ៉ិនជីនារីង បានចាប់បើកដំណើរការតាំងពីឆ្នាំ 1995 ជាក្រុមហ៊ុនស្តង់ដារមួយដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅខែកញ្ញា ឆ្នាំ 2021 ថែមទាំងបានចូលក្នុងទីផ្សារកំណើនដំបូងគេ ។
គម្រោងធំៗដែល ឌីប៊ីឌីអ៉ិនជីនារីង ធ្លាប់បានទទួលចូលរួមសាងសង់ និងបន្តក្នុងការសាង់សង់មានដូចជា ៖ ផ្សារទំនើប Aeon 1, Aeon 2, គម្រោងខុនដូ North Park, គម្រោង Chip Mong Sen Sok, គម្រោង Chip Mong 598 Mall, គម្រោង Chip Mong Mega Mall 271…. ដែលគម្រោងខ្លះត្រូវបានបញ្ចប់ និងខ្លះទៀតនៅបន្តការសាងសង់រហូតដល់ឆ្នាំ 2022 ។
រីឯគម្រោង Wing Office Tower នេះនឹងត្រូវបានចាប់ផ្តើមធ្វើការសាងសង់ក្នុងឆ្នាំ 2022 និងបញ្ចប់គម្រោងក្នុងឆ្នាំ 2023 នាពេលខាងមុខ ។ គួរបញ្ជាក់ផងដែរថា ឌីប៊ីឌីអ៊ិនជីនារីង មិនត្រឹមតែជាក្រុមហ៊ុនមានជំនាញខាងផ្នែក MEP នោះទេ គឺថែមទាំងជាក្រុមហ៊ុនដែលមានជំនាញខាងផ្នែកសាងសង់ផងដែរ ៕